
ព័ត៌មាន សសក
ភ្នំពេញ ៣០ កញ្ញា ២០២៥ – សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) ត្រូវបានអញ្ជើញជាវាគ្មិនក្នុងវេទិការស្តីពីកសិពាណិជ្ជកម្មកម្រិតខ្ពស់ ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា។ ព្រឹត្តិការណ៍នេះបាននាំភាគីពាក់ព័ន្ធមកជួបជុំគ្នាដើម្បីស្វែងយល់អំពីឱកាសវិនិយោគ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់កម្ពុជា ដោយផ្តោតលើការទាក់ទាញក្រុមហ៊ុនអាមេរិកឲ្យចូលរួមក្នុងទីផ្សារកសិពាណិជ្ជកម្មដែលកំពុងរីកចម្រើនរបស់កម្ពុជា។
តំណាងឲ្យ ស.ស.ក លោក ស៊ុយ កុកធាន អនុប្រធាន ស.ស.ក បានគូសបញ្ជាក់អំពីដំណើរការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដ៏គួរឲ្យចាប់អារម្មណ៍របស់កម្ពុជា។ ដោយផ្អែកលើតួលេខក្រៅផ្លូវការ កម្ពុជាបាននាំចេញគ្រាប់ចន្ទីឆៅ ចំនួន ៩៤១ ០០០ តោន ក្នុងរយៈពេល ៨ខែដំបូងឆ្នាំ២០២៥ ដោយរកបានចំណូលប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិកចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណា លោក កុកធាន បានចង្អុលបង្ហាញថា សមត្ថភាពកែច្នៃស្វាយចន្ទីរបស់កម្ពុជាមានកម្រិត បានរារាំងយើងមិនឲ្យចាប់យកតម្លៃពេញលេញនៃឧស្សាហកម្មស្វាយចន្ទីរបស់ខ្លួន។ លោកបានលើកឡើងថា «ប្រសិនបើមានការវិនិយោគកាន់តែច្រើនលើការកែច្នៃក្នុងស្រុក កម្ពុជាអាចបង្កើនចំណូលនាំចេញស្វាយចន្ទីរបស់ខ្លួនរហូតដល់ ១២០% ដោយសារតម្លៃបន្ថែមនៃអនុផលគ្រាប់ចន្ទី»។
បញ្ហាចម្បងមួយដែលបានលើកឡើងគឺការខ្ជះខ្ជាយ ផ្លែស្វាយចន្ទី ដែលជាទូទៅត្រូវបានបោះចោលនៅតាមកសិដ្ឋាន ទោះបីជាផ្លែចន្ទីមានសក្តានុពលក៏ដោយ។ លោក កុកធាន បាននិយាយថា «ផ្លែស្វាយចន្ទីអាចត្រូវបានកែច្នៃទៅជាចំណីសត្វ ទឹកខ្មេះ និងស្រា»។ លោកបានបន្តថា «ប៉ុន្តែបើគ្មានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុទេ កសិករមិនអាចកែច្នៃប្រើប្រាស់ធនធានដ៏មានតម្លៃនេះបានទេ»។
ស.ស.ក កំពុងស្វែងរកយ៉ាងសកម្មនូវការវិនិយោគក្នុងការអភិវឌ្ឍអនុផលស្វាយចន្ទី រួមមាន ប្រេងសម្បកគ្រាប់ស្វាយចន្ទី (CNSL) សារធាតុចម្រាញ់ពីសម្បកគ្រាប់ស្វាយចន្ទី (CNSE) ការកែច្នៃផ្លែស្វាយចន្ទី និងការផលិតទឹកផ្លែស្វាយចន្ទី។ នវានុវត្តន៍ទាំងនេះមិនត្រឹមតែអាចកាត់បន្ថយការខ្ជះខ្ជាយចំណីអាហារ និងថ្លៃដើមផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យផលិតផលស្វាយចន្ទីរបស់កម្ពុជាមានការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ។
ស្ថានទូតអាមេរិកបានកត់សម្គាល់ក្នុងលិខិតអញ្ជើញថា វេទិការនេះជាវេទិកាសម្រាប់ពិភាក្សាអំពីអាទិភាពយុទ្ធសាស្ត្រ ឱកាសដែលកំពុងលេចឡើង និងផ្នែកនៃកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធកម្ពុជា និងវិនិយោគិនអាមេរិក។ ស្ថានទូតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទស្សនៈ ក្នុងការបង្កើតភាពជាដៃគូសក្តានុពលរបស់សហរដ្ឋអាមេរិកក្នុងវិស័យកសិពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។
ស្ថានទូតបានបញ្ជាក់ថា «យើងពិតជាឲ្យតម្លៃខ្ពស់ចំពោះទស្សនៈរបស់អ្នកពាក់ព័ន្ធកម្ពុជាលើវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ឱកាសដែលកំពុងលេចឡើង និងអាទិភាពយុទ្ធសាស្ត្រដែលអាចណែនាំការវិនិយោគ និងភាពជាដៃគូរបស់សហរដ្ឋអាមេរិកក្នុងវិស័យដ៏សំខាន់ៗនេះ»។