
ព័ត៌មាន ស.ស.ក
ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥—សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក.) គឺជាភាគីពាក់ព័ន្ធគន្លឹះមួយក្នុងចំណោមភាគីសំខាន់ៗដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកាធំមួយ ដែលរៀបចំឡើងក្រោមកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន (SPIN) ដែលប្រារព្ធធ្វើឡើងនៅថ្ងៃនេះ។ កម្មវិធី SPIN ដែលដំណើរការចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិដ៏ទូលំទូលាយមួយ ដើម្បីទាក់ទាញការវិនិយោគជាង ១,៣ ប៊ីលានដុល្លារ ទៅកាន់ខេត្តនានានៅភូមិភាគឦសានរបស់កម្ពុជា រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
ដំណាំស្វាយចន្ទីត្រូវបានគូសបញ្ជាក់ជាអនុវិស័យយុទ្ធសាស្ត្រក្រោមគំនិតផ្តួចផ្តើម SPIN ជាពិសេសនៅក្នុងសសរស្តម្ភនៃការអភិវឌ្ឍកសិ-ឧស្សាហកម្មរបស់កម្មវិធី។ ការដាក់បញ្ចូលសមាគមស្វាយចន្ទីកម្ពុជានៅក្នុងវេទិកានេះ បង្ហាញពីការទទួលស្គាល់កាន់តែខ្លាំងឡើងនៃសក្តានុពលរបស់ដំណាំស្វាយចន្ទីជាកត្តាជំរុញសេដ្ឋកិច្ចសម្រាប់សហគមន៍ជនបទ និងជាទំនិញបន្ថែមតម្លៃសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
កែប្រែមុខមាត់ភូមិភាគឦសានរបស់កម្ពុជា
កម្មវិធី SPIN ដែលត្រូវបានដាក់ឱ្យដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជា មានគោលបំណង «ពង្រីកមូលដ្ឋានសេដ្ឋកិច្ចចំពោះបណ្តាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន អភិវឌ្ឍវិស័យគន្លឹះ និងប្រភពកំណើនថ្មីរបស់សេដ្ឋកិច្ចជាតិ ដោយផ្អែកលើកត្តាទាយជ្ជទានដែលមានស្រាប់»។
គំនិតផ្តួចផ្តើមនេះត្រូវបានកសាងឡើងលើសសរស្តម្ភសំខាន់ៗចំនួនបី៖
- ការកែប្រែមុខមាត់សេដ្ឋកិច្ច ៖ ប្រើប្រាស់ភាពខ្លាំងផ្នែកធម្មជាតិរបស់តំបន់ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីបញ្ចូលសេដ្ឋកិច្ចមូលដ្ឋានទៅក្នុងក្របខ័ណ្ឌកំណើនជាតិ។
- ការដោះស្រាយបញ្ហាប្រឈមដាក់ស្តែង៖ អនុវត្តវិធានការដែលមានផលប៉ះពាល់ឆាប់រហ័ស ដើម្បីបង្កើនភាពទាក់ទាញផ្នែកវិនិយោគជាបន្ទាន់។
- ការជំរុញសហថាមពល៖ លើកទឹកចិត្តដល់ការប្រមូលផ្តុំឧស្សាហកម្មដែលពាក់ព័ន្ធ ដើម្បីបង្កើនការផ្សារភ្ជាប់គ្នា និងមាត្រដ្ឋានសេដ្ឋកិច្ច។
ផ្តោតលើស្វាយចន្ទី និងកសិ-ឧស្សាហកម្ម
ស្វាយចន្ទី ស្ថិតក្នុងចំណោមទំនិញអាទិភាពដែលត្រូវបានកំណត់ក្រោមសសរស្តម្ភកសិ-ឧស្សាហកម្ម រួមជាមួយនឹងកៅស៊ូ ដំឡូងមី ចេកអំបូងលឿង និងឈើ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីទាក់ទាញការវិនិយោគលើរោងចក្រកែច្នៃ និងវេចខ្ចប់ ដែលអាចបន្ថែមតម្លៃលើផលិតផលកសិកម្មឆៅ—ជំរុញតំបន់នេះឱ្យឡើងទៅតាមខ្សែច្រវាក់ក់តម្លៃ និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញវត្ថុធាតុដើម។
ការចូលរួមរបស់ ស.ស.ក. ក្នុងវេទិកា SPIN បញ្ជាក់ពីតួនាទីស្នូលរបស់ខ្លួនក្នុងការកំណត់អនាគតនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ជាពិសេសនៅតំបន់ឦសាន ដែលដំណាំចន្ទីមានដាំដុះច្រើនរួចទៅហើយ ប៉ុន្តែនៅខ្វះទុនវិនិយោគ។
កំណើននៃការចាប់អារម្មណ៍លើការវិនិយោគកំពុងលេចចេញជារូបរាង
ចាប់តាំងពីការប្រកាសកម្មវិធី SPIN មក រដ្ឋាភិបាលបានរាយការណ៍ពីសញ្ញាដ៏លើកទឹកចិត្តនៃការចាប់អារម្មណ៍របស់វិនិយោគិន។ ចន្លោះពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥ គម្រោងស្នើសរុបចំនួន ១៤ គម្រោង—ដែលមានទុនវិនិយោគជិត ១,៣ ពាន់លានដុល្លារ—ត្រូវបានដាក់ស្នើសម្រាប់ការអភិវឌ្ឍនៅខេត្តទាំងបួននៅភូមិភាគឦសាន៖
- ខេត្តក្រចេះ៖ ៦ គម្រោង
- ខេត្តស្ទឹងត្រែង៖ ១ គម្រោង
- ខេត្តមណ្ឌលគិរី៖ ៣ គម្រោង
- ខេត្តរតនគិរី៖ ៤ គម្រោង
ការវិនិយោគដំបូងទាំងនេះបង្ហាញពីទំនុកចិត្តដែលកំពុងកើនឡើងលើយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់របស់រដ្ឋាភិបាល និងសក្តានុពលនៃវិស័យនានា ដូចជាស្វាយចន្ទី ដើម្បីផ្តល់ទាំងផលសេដ្ឋកិច្ច និងផលសង្គម។
ការលើកទឹកចិត្ត និងវិធានការគាំទ្រ
ដើម្បីទាក់ទាញការវិនិយោគដែលមានផលប៉ះពាល់ខ្ពស់ កម្មវិធី SPIN កំពុងផ្តល់កញ្ចប់ការលើកទឹកចិត្តដ៏ទូលំទូលាយ រួមមាន៖
- ការលើកលែងពន្ធដារ និងពន្ធគយប្រសើរជាងមុន៖ ក្រៅពីច្បាប់ស្តីពីការវិនិយោគជាតិ វិនិយោគិននឹងទទួលបានអត្ថប្រយោជន៍ពីការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអាករលើតម្លៃបន្ថែម (VAT) និងពន្ធលើសម្ភារៈបរិក្ខារផលិតកម្មនាំចូល។
- ហិរញ្ញប្បទានអនុគ្រោះ៖ ផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យសម្រាប់គម្រោងដែលផ្តោតលើទំនើបកម្មកសិកម្ម ទេសចរណ៍ និងការអភិវឌ្ឍន៍សហគមន៍។
- ការសម្រួលរដ្ឋបាល៖ កាត់បន្ថយភាពស្មុគស្មាញផ្នែករដ្ឋបាល និងការគាំទ្រដល់សកម្មភាពរបស់តួអង្គឯកជន។
ទស្សនវិស័យទៅមុខ
នៅពេលដែលកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍតំបន់ភូមិភាគឦសានរបស់ខ្លួន ការចាប់អារម្មណ៍លើស្វាយចន្ទីបង្ហាញទាំងឱកាសពាណិជ្ជកម្ម និងការផ្លាស់ប្តូរគោលនយោបាយឆ្ពោះទៅរកកសិកម្មប្រកបដោយនិរន្តរភាព និងសក្តានុពលខ្ពស់។ ការចូលរួមយ៉ាងសកម្មរបស់សមាគមស្វាយចន្ទីកម្ពុជានៅក្នុងកម្មវិធី SPIN ត្រូវបានគេរំពឹងថានឹងជំរុញកំណើនទូទាំងឧស្សាហកម្ម និងកំណត់ទីតាំងស្វាយចន្ទីកម្ពុជាជាផលិតផលនាំចេញលំដាប់ខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។