វាចារណកថា
កំពង់ធំ ខែមេសា ២០២៦- នៅពេលដែលគោលនយោបាយស្វាយចន្ទីកម្ពុជា ចេញជាផ្លូវការនាឆ្នាំ ២០២២ តម្លៃស្វាយចន្ទីនៅតែមិនមានស្ថេរភាព។ ឆ្នាំ ២០២៣ សមាគមស្វាយចន្ទីកម្ពុជា (សសក) រកឃើញថា ក្នុងវិស័យចន្ទី យើងត្រូវការទុនបង្វឹល យ៉ាងហោចណាស់ ៣២៩ លានដុល្លា ដើម្បីឲ្យវិស័យស្វាយចន្ទីកម្ពុជា ដើរតាមគោលនយោបាយជាតិ ២០២២-២០២៧ (ចេញផ្សាយនៅព្រឹត្តិបត្តព័ត៌មាន សសក ឆ្នាំទី១ លេខ១ មករា-មេសា ២០២៤)។ ក្នុងចំនួនថវិការប៉ុនណេះអាចជួយផ្តល់ស្ថេរភាពតម្លៃស្វាយចន្ទីជូនកសិករ ប៉ុន្តែមិនដឹងលុយនៅឯណា ឲ្យប្រាកដ!
ក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្ម បានជួយធ្វើពិពិធកម្មទីផ្សារចន្ទីជាច្រើន ដែលជារឿងគួរឲ្យកោតសរសើរ។ ទោះយ៉ាងនេះក្តី សសក យល់ថា ទំហំទឹកប្រាក់ចំណូលដុល លើស១ពាន់លានដុល្លាក្នុងមួយឆ្នាំពីស្វាយចន្ទី ជារឿងធំណាស់ បើគ្មានយន្តការច្បាស់លាស់ កសិករនឹងរងគ្រោះព្រោះតម្លៃគ្មានស្ថេរភាព។ ដូច្នេះ ខណៈការកែច្នៃក្នុងស្រុកនៅតិចតួច និងកាន់តែថយចុះ ពី១២% (២០២៣) មកនៅតែ ៥% (២០២៥) សសក សម្រចចិត្តដូរវិធីសាស្ត្រ ទៅកាន់ពិពិធកម្មគ្រាប់ឆៅ។
សសក ដើរតួនាទីតូចមួយគឺធ្វើជំនួបធុរកិច្ច (B2B) ដែលផ្តោតលើពាណិជ្ជកម្មគ្រាប់ឆៅ ដោយទាក់ទាញ ក្រុមហ៊ុន មកពីឥណ្ឌា និងចិន ធ្វើការប្រណាំងប្រជែងទិញគ្រាប់ឆៅនៅកម្ពុជា។ យន្តការនេះមិនមានលក្ខណៈយូរអង្វែងទេ ប៉ុន្តែអាចដោះទុក្ខលំបាកការធ្លាក់ថ្លៃមួយគ្រា។ ជាតួរយ៉ាង ឆ្នាំ ២០២៤ ថ្លៃធ្លាក់ ៣សប្តាហ៍ (សប្តាហ៍ទី៤ខែកុម្ភៈ ដល់សប្តាហ៍ទី២ខែមិនា) តម្លៃគ្រាប់ស្រស់ងើបមកនៅជាមធ្យម ៥២០០៛ ស្ទើរពេញ១រដូវប្រមូលផល។ ឆ្នាំ ២០២៥ តម្លៃធ្លាក់មកនៅក្រោម ៤៥០០៛ រយៈពេល ៣ថ្ងៃ (ថ្ងៃទី៤ដល់៧ មិនា ២០២៥) តម្លៃងើបមក៥៤០០៛។ តម្លៃគ្រាប់ចន្ទីឆៅឆ្នាំ ២០២៦ បន្តនៅតែល្អ។ និយមន័យតម្លៃល្អគឺលើ ៤៥០០៛/គីឡូ គ្រាប់ស្រស់។
ពេលដែលចន្ទីធ្លាក់ថ្លៃក្រសួងកសិកម្ម រងកម្មជាងគេ ពេលចន្ទីបានថ្លៃនាំគ្នាដណ្តើមគុណសម្បត្តិ។ សសក ក៏ត្រូវកសិករជេរយ៉ាងចាស់ដៃដែរ ខណៈ សសក មិនទទួលបានលាភសក្ការៈអ្វីសោះក្នុងវិស័យនេះ។ សំណេរបែបនេះ សសក មិនមានគោលបំណងយកគុណសម្បត្តិ ដ្បិត សសក មិនមែនជាអ្នកនយោបាយ និងមិនមែនជាធុរជន។ យន្តការរបស់ សសក ធ្វើគឺដើម្បីតែកសិករស្វាយចន្ទី ហើយយន្តការនេះមិនមានស្ថរភាពយូរអង្វែង ប៉ុន្តែអាចដោះទាល់មួយគ្រា។
តម្លៃមានស្ថេរភាព៣ឆ្នាំកន្លងមកនេះ មិនមែនកើតឡើងដោយចៃដន្យទេ ព្រោះ សសក យល់ដឹងច្រើនពីចរន្តគ្រាប់ឆៅនៅអាហ្រ្វិក (អាចអាននៅក្នុងវេបសាយ សសក)។
ហិរញ្ញប្បទានពីធានាគារឯកជនដោយភ្ជាប់កម្ចីការប្រាក់អនុគ្រោះពុំទាន់មានឥទ្ធិពលមកលើវិស័យចន្ទីនៅឡើយទេ ដោយហេតុថាកម្ចីខ្លះត្រូវការទ្រព្យបញ្ចាំ កម្ចីខ្លះហាក់ដូចជារើសមុខ កម្ចីខ្លះហាក់ដូចជាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសហគ្រាសកែច្នៃ ។ល។ ដែលធ្វើឲ្យសហគ្រាសពិបាកទទួលយក។ មកទល់ពេលនេះ កម្ចីសរុបមកលើវិស័យស្វាយចន្ទីមានមិនដល់ ៥០លានដុល្លាផង។
ចំណែកជំនួយឥតសំណងពីអង្គការក្រៅរដ្ឋាភិបាលមិនទាន់មានប្រសិទ្ធភាពនៅឡើយ ជំនួយទាំងនោះផ្តោតលើការកែច្នៃនិងការនាំចេញ។ ការកែច្នៃកាន់តែធ្លាក់ចុះ ការនាំចេញគ្រាប់កែច្នៃកាន់តែទាប ជាពិសេសអ៉ឺរ៉ុប និងទៅអាមេរិកដែលសំបូរអង្គការក្រៅរដ្ឋាភិបាលបង្កើតគម្រោងច្រកទ្វារនាំចេញ ហាក់ដូចជាគ្មានប្រសិទ្ធភាព។
បញ្ហាព្យួរ QIP ដោយរងចាំ សួនកសិឧស្សាហកម្មស្វាយចន្ទី (CIP) រយៈពេល២ឆ្នាំចុងក្រោយ រឹងរិតតែមិនអាចឲ្យវិស័យកែច្នៃដើរទៅមុខបាន។ ដូច្នេះ យុទ្ធសាស្ត្រពង្រីកទីផ្សារគ្រាប់ឆៅ របស់ សសក ជាយន្តការល្អតែមួយគត់ ដែលអាចជួយរក្សាស្ថេរភាពគ្រាប់ឆៅជូនកសិករចន្ទី ឲ្យកសិករញញឹមបានយូរ។
តាមបទពិសោធន៍កន្លងមក នៅពេលធ្លាក់ថ្លៃចន្ទីស្រស់ កម្រមានឥទ្ធិពលពីខាងក្រៅជួយឱ្យតម្លៃងើបឡើងវិញណាស់ គឺមានតែឥទ្ធិពលខាងក្នុងទើបអាចសង្គ្រោះបាន គឺកសិករ (ដែលមានលទ្ធភាពចាប់ផ្តើមហាលទុក) ឈ្មួញកណ្តាល (ផ្អាកការនាំចេញ) សសក (ចលនាយុទ្ធសាស្ត្រចរន្តគ្រាប់ឆៅ)។ កត្តាគុណភាពល្អនៃគ្រាប់ឆៅ ក៏ជាកត្តាចាំបាច់មួយផងដែរក្នុងការកំណត់តម្លៃ។






