ព័ត៌មាន សសក
ភ្នំពេញ កម្ពុជា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ — រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ឆ្នាំ២០២៦-២០៣០» ដោយមានគោលបំណងពង្រឹងអាជីវកម្មក្នុងស្រុក តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន បច្ចេកវិទ្យា ជំនាញ ទីផ្សារ និងការតភ្ជាប់ទៅនឹងឧស្សាហកម្មធំៗ។
ថ្លែងក្នុងពិធីសម្ពោធនេះ នាយករដ្ឋមន្ត្រីបានចាត់ទុកការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ថាជាកត្តាគន្លឹះក្នុងការការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច និងគាំទ្រដល់មហិច្ឆតារបស់ប្រទេសក្នុងការក្លាយជាសេដ្ឋកិច្ចមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
យុទ្ធសាស្ត្រនេះត្រូវបានសាងសង់ឡើងជុំវិញសសរស្តម្ភចំនួនបួន៖
- ការកែលម្អបរិយាកាសធុរកិច្ច និងនិយតកម្មផ្នែកច្បាប់
- ការពង្រឹងសមត្ថភាពផលិតកម្ម សេវាកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍
- ការបង្កើនសមត្ថភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ
- និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។
តបតាមការអញ្ជើញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សមាគមស្វាយចន្ទីកម្ពុជា (សសក) បានបញ្ជូនតំណាងពីររូបចូលរួមក្នុងព្រឹត្តិការណ៍នេះ។
យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់កម្ពុជា ប្រទេសនេះមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ មូលដ្ឋាន ដោយមានជាង ៩៩% ត្រូវបានចាត់ទុកជាសហគ្រាសធុនមីក្រូ តូច និងមធ្យម។ សហគ្រាសទាំងនេះរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
ប្រព័ន្ធអេកូឡូស៊ីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់រដ្ឋាភិបាល រួមមាន ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ សាជីវកម្មធានាឥណទានកម្ពុជា មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មូលនិធិអភិវឌ្ឍន៍ជំនាញ និងមូលនិធិស្រាវជ្រាវជាតិ។
រាជរដ្ឋាភិបាលក៏បានបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនមីក្រូ តូច និងមធ្យម និងកំពុងរៀបចំអនុក្រឹត្យចំនួនពីរស្តីពីការគ្រប់គ្រងវដ្តអាជីវកម្ម និងការលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ វិធានការទាំងនេះមានគោលបំណងធ្វើឱ្យមានភាពងាយស្រួលដល់ការចុះបញ្ជី អាជ្ញាបណ្ណ និងការអនុលោមភាព ពង្រីកសេវាសាធារណៈឌីជីថល និងកាត់បន្ថយនីតិវិធីរដ្ឋបាលស្ទួនគ្នា៕
ឯកសារយោង៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)






