ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងស្រុក និងភ្ជាប់កសិករជាមួយអ្នកទិញអន្តរជាតិ
ភ្នំពេញ — សមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រកាសពីផែនការរៀបចំសន្និសីទអន្តរជាតិស្វាយចន្ទីកម្ពុជា (CIF) លើកដំបូងបំផុតនៅខែវិច្ឆិកា ឆ្នាំ២០២៦ ឬ ២០២៧ និងឆ្នាំបន្តបន្ទាប់ ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដើម្បីពង្រឹងជំហររបស់កម្ពុជានៅក្នុងទីផ្សារស្វាយចន្ទីពិភពលោក។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា (សសក) សន្និសីទនេះនឹងបម្រើជាវេទិកាមួយដើម្បីភ្ជាប់អ្នកទិញអន្តរជាតិធំៗ ជាមួយអ្នកផលិត និងឈ្មួញក្នុងស្រុក ជំរុញការវិនិយោគលើការកែច្នៃស្វាយចន្ទី និងផលិតកម្មបន្ថែមតម្លៃនៅក្នុងប្រទេសកម្ពុជា។
ថ្វីដ្បិតតែកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅប្រហែល មួយលានតោន ក្នុងមួយឆ្នាំក៏ដោយ ក៏ការកែច្នៃក្នុងស្រុកនៅមានកម្រិតនៅឡើយ។ សសក បានឱ្យដឹងថា សន្និសីទនេះមានគោលដៅទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងបរទេសឱ្យមកអភិវឌ្ឍសមត្ថភាពកែច្នៃ ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ពីស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម។
បង្ហាញសក្តានុពលស្វាយចន្ទីកម្ពុជា
ការស្រាវជ្រាវបានបង្ហាញថា វិស័យស្វាយចន្ទីរបស់កម្ពុជាបច្ចុប្បន្នមានកសិករប្រមាណ ២៥ ០០០ គ្រួសារ ពាក់ព័ន្ធ ប្រើប្រាស់កម្មករពេញម៉ោង ៣៨ ០០០ នាក់ និងកម្មករតាមរដូវកាលបន្ថែម ១៥០ ០០០ នាក់ ក្នុងរដូវប្រមូលផល។ ទោះយ៉ាងណាក៏ដោយ គ្រាប់ស្វាយចន្ទីភាគច្រើនរបស់កម្ពុជាត្រូវបាននាំចេញជាគ្រាប់ឆៅទៅកាន់ប្រទេសជិតខាងដើម្បីកែច្នៃ។
អ្នកជំនាញប៉ាន់ប្រមាណថា បើសិនជាផលិតផលស្វាយចន្ទីឆៅទាំងអស់របស់កម្ពុជាត្រូវបានកែច្នៃនៅក្នុងស្រុក វាអាចបង្កើតការងារថ្មីរហូតដល់ ១០ ០០០ កន្លែង និងបង្កើនប្រាក់ចំណូលយ៉ាងសំខាន់សម្រាប់កសិករ និងកម្មករនៅទូទាំងខ្សែច្រវាក់តម្លៃ។
សសក បានបញ្ជាក់ថា៖ «សន្និសីទអន្តរជាតិ Cam-cashew នឹងបង្កើតឱកាសសម្រាប់កសិករ ឈ្មួញ និងសហគ្រិន ដើម្បីសហការគ្នាប្រកបដោយប្រសិទ្ធភាព និងទទួលបានតម្លៃកាន់តែខ្ពស់ពីវិស័យនេះ»។
រំពឹងទុកការចូលរួមពីអន្តរជាតិ
សសក រំពឹងថា នឹងមានតំណាងប្រមាណ ១៥០ នាក់ មកពីក្រុមហ៊ុន និងបុគ្គលមកពីប្រទេស វៀតណាម ឥណ្ឌា ចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ភាគីពាក់ព័ន្ធទាំងក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងអ្នកផ្សេងទៀតដែលមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា នឹងត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញ និងបង្កើតបណ្តាញជាមួយអ្នកទិញបរទេសដែលមានសក្តានុពល។
សន្និសីទនេះនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទីពីរនៃខែវិច្ឆិកា ឆ្នាំ២០២៦ ដែលត្រូវចំពេលការចាប់ផ្តើមរដូវកាលថ្មីរបស់ស្វាយចន្ទី — ជាពេលវេលាដ៏ល្អបំផុតសម្រាប់ការចុះទស្សនកិច្ចនៅតាមចម្ការ និងបង្ហាញសមត្ថភាពផលិតកម្មរបស់ប្រទេសទៅកាន់អ្នកវិនិយោគ។
ការស្វែងរកការគាំទ្រ និងការឧបត្ថម្ភ
ដើម្បីធានាថាព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះប្រព្រឹត្តទៅដោយរលូន សសក កំពុងស្វែងរកការឧបត្ថម្ភ និងការគាំទ្រភាពជាដៃគូពីស្ថាប័នពាក់ព័ន្ធ និងដៃគូក្នុងវិស័យឯកជន។ សសក បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធទាំងក្នុងស្រុក និងអន្តរជាតិនឹងក្លាយជាគន្លឹះដើម្បីធានាភាពជោគជ័យនៃសន្និសីទអន្តរជាតិ Cam-cashew។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា៖ «សន្និសីទនេះគឺជាចំណុចសំខាន់មួយសម្រាប់ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា។ វានឹងមិនត្រឹមតែជំរុញការវិនិយោគ និងការកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្ហាញពីភាពត្រៀមខ្លួនរបស់កម្ពុជាដើម្បីក្លាយជាតួរអង្គសំខាន់នៅក្នុងទីផ្សារស្វាយចន្ទីក្នុងតំបន់ និងពិភពលោកផងដែរ»៕






